រឿង កុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់ លោក ញ៉ុក ថែម ក្នុងឆ្នាំ ព.ស 2504 ត្រូវនឹង គ.ស 1960។
[tab: សង្ខេបរឿង]
គ្រាកាលព្រះសុរិយទេវបុត្ត ទ្រង់គង់លើវិមានកែវផលិត
ដែលជារថព្រះទីន័ងទឹមដោយ សេះអាជានេយ្យមួយពាន់
ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ តាំងអំពីទិសបូព៌ាយាត្រាសំដៅទៅ ទិសបស្ចិម
តាមចក្ររាសីនៃសុរិយចក្កវាឡ លុះដល់កំណត់បត់ព្រះរាជរថចូលបាំងជ្រុងមហាបព្វតា
រស្មីព្រះសុរិយា ក៏ជ្រាលជ្រេចូលកាន់សន្ធ្យារាត្រី នាវេលានោះជាខាងខ្នើត ១៥
កើត ខែ កត្តិក ឆ្នាំ ច ចត្វាស័ក ព.ស. ២៤៧០
ព្រះចន្ទ្រទេវបុត្រយាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីន័ង
បរចេញមកពីទិសបូព៌ា ឆ្លុះពន្លឺពណ៌ប្រាក់ទៅ សព្វផែនពសុធា ព្រះ
ចន្ទ្រាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ
នៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបង ។
ឯគេហស្ថាននោះ ជាផ្ទះចាស់ប្រក់ក្បឿងដំបូលពីរជាន់ ជញ្ជាំងក្ដារ
ក្រាលក្ដារ សសរមូល នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ
នៅខាងក្រោមរូបនេះគេឆ្លាក់ជាអក្សរមូលតួធំៗថា ‹ សិរិពង្ស ›
ជាផ្ទះខ្មែរបែបបុរាណ ដែលនៅសេសសល់ដល់មកសម័យឥឡូវនេះ ។
ក្នុងវេលារាត្រីនោះ
ពន្លឺរស្មីនៃដួងចន្ទ្រកំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួច
ហើយមានខ្យល់ត្រជាក់បក់ផាត់ជាយចូលមកយ៉ាងរំភើយ ។
ល្ហើយត្រសៀកល្មមត្រជាក់ស្រួល នៅខាងក្នុងគេហស្ថាននោះ
មានកូនចង្កៀងប្រេងកាតមួយ ចងព្យួរនឹងជញ្ជាំងក្ដារល្មមតែឆ្លុះពន្លឺ
ឲ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាម
មានតែស្បែកដណ្ដប់ឆ្អឹង ដេកស្ដូកស្ដឹងនាកណ្ដាលល្វែងបន្ទប់
នៅក្បែរខាងបុរសជរានេះ មានក្មេងកំឡោះម្នាក់ មុខមាត់ស្រស់បស់
អង្គុយចាំបម្រើថែរក្សាជម្ងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់
ស្រងូតស្រងាត់ ឥតមានរីករាយបន្តិចឡើយ ដ្បិតខំអត់ងងុយទ្រាំជម្ងឺរបស់បុរសជរា
ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន អស់វេលា៣យប់មកហើយ ។
ឯបុរសដែលមានជម្ងឺជាទម្ងន់ កំពុងដេកស្ដូកស្ដឹងនៅលើដំណេកនេះឈ្មោះ ‹ចឺម›
ត្រកូល ‹សិរីពង្ស› កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា
យូរៗគាត់ដកដង្ហើមធំវែងៗ
ហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេក
ភ្នែកទាំងគូររបស់គាត់សម្លឹងទៅចំមុខក្មេងកំឡោះម្នាក់
ដែលអង្គុយនៅក្បែរខាងខ្លួនគាត់ ។ ឯក្មេងកំឡោះនេះឈ្មោះ ចៅចិត្រ
ជាកូនបណ្ដូលចិត្តរបស់គាត់ ហើយជាអ្នកទទួលវង្សត្រកូល ‹សិរីពង្ស› តទៅអនាគតផង
ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយសូរសំឡេងញ័រៗថា ៖ ‹ចិត្រ
កូនមាសថ្លៃឪពុក ! យប់យន់ណាស់ហើយ មិនទាន់ទៅដេកទេឬ ? ទៅ កូនទៅដេកទៅ › តាចឺមតឿនបង្ខំឲ្យកូនទៅដេកក្រែងអត់ងងុយទៅជាឈឺចាប់ ។
ចៅចិត្រគ្រវីក្បាលដោយអាការបដិសេធ
ព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតា ទើបនិយាយជម្រាបទៅវិញថា ‹
ខ្ញុំបាទមិនទាន់ងងុយទេ លោកឪពុក !
ប្រហែលជាលោកឪពុកមិនទាន់ពិសាថ្នាំយោងកម្លាំងទេដឹង ?
លោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថា សូមឲ្យលោកឪពុកពីសាកុំខាន› ។
‹ ថ្នាំឬ កូន !› តាចឺមនិយាយឮតែក្នុងបំពង់ក ទំនងចំអកឲ្យថ្នាំនោះ
ព្រោះជាថ្នាំគាត់ដឹងថា ឥតមានគុណវិសេសអ្វីបន្តិចឡើយ ហើយគាត់និយាយថា ‹ ឳ !
កូនអើយ ថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយ មិនឃើញមានគុណវិសេសអ្វី
ដែលអាចជួយបន្ធូរបន្ថយជម្ងឺឲ្យបានស្រាកស្រាន្តសោះឡើយ
រោគចំពួកនេះឪពុកស្គាល់ច្បាស់ថាជារោគប្រចាំកាយ “រក្សាក៏ស្លាប់
មិនរក្សាក៏ស្លាប់ ” ឫទ្ធីអំណាចរបស់ថ្នាំក្នុងខណៈនេះ មិនវិសេសជាងទឹកទន្លេទេ
កូន ! ›។
ចៅចិត្រមិនទាន់បាននិយាយតបទៅឪពុកវិញ ស្រាប់តែលេចបុរសកណ្ដាលអាយុម្នាក់
ដើរចូលមកក្នុងបន្ទប់ ហើយដាក់គូថអង្គុយក្បែរខាងអ្នកជម្ងឺ ហើយសួរថា
‹ម៉េចទៅតាថ្ងៃនេះ អាការៈរោគបានធូរស្បើយខ្លះទេ ?›
‹ ឱ ! ពុទ្ធោ ពុទ្ធោ !› តាចឺមលាន់មាត់ឡើង
កាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នោះ ហើយគាត់និយាយតទៅទៀតថា ‹ ឱ ! លោកគ្រូអើយ
វេលានេះ ភ្នែកខ្ញុំបាទស្រែស្រវាំងងងឹតអស់ហើយ
សូមអត់ទោសចុះខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេ › ។
ឯចៅចិត្រកាលបើបានឮសំដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់
ដោយចិត្តអាណិតឪពុកពន់ពេក ហើយក៏សម្លឹងមើលគ្រូពេទ្យ
និយាយអង្វរករសុំឲ្យជួយស្រោចស្រង់សង្គ្រោះបិតាឲ្យមានជីវិត
តែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជម្ងឺ ក៏គ្រវីក្បាលដោយអស់សង្ឃឹម
ខ្សឹបប្រាប់ជិតត្រចៀកចៅចិត្រថា ‹ ឆ្លងមិនផុតអំពីយប់នេះទេ › ។
តាចឺមនិយាយមួយៗ ទាំងហត់ដង្ហក់បបូរមាត់សស្លាំង ញ័រចំប្រប់ខំនិយាយទៀតថា ‹
ខ្ញុំបាទគង់មិនមានជីវិតរស់នៅ
ទាល់តែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេ › ខ្ញុំបាទយល់ថា
មិនមែនជាការចម្លែកខុសធម្មតាទេ ព្រោះមរណៈធម៌ជាសភាវៈទៀងទាត់
ដែលមនុស្សសត្វទូទៅត្រូវតែទទួលយកនឹងចៀសវាងឲ្យផុតពុំបានឡើយ
ឯវិញ្ញាណនិងកាយខ្លួនខ្ញុំបាទ ឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេ
ស្លាប់ហើយត្រូវទៅកើត
ជាអ្វីក៏តាមយថាកម្មចុះ ហើយបែរទៅនិយាយផ្ដែផ្ដាំថា ‹ ចិត្រ
កូនសំឡាញ់មាសឪពុក ! កាលបើឪពុកអស់បុណ្យទៅហើយ ជីវិតអ្នកមុខជារសាត់អណ្ដែត
ឥតបង្គោលជាបង្អែក ដូចជាសំណាត់ដែល អណ្ដែតក្នុងទន្លេដូច្នោះ›។ ឯចៅចិត្រអួលដើម
ក និយាយអ្វីមិនរួចសោះ
មានតែទឹកភ្នែកហូរសស្រាក់ឱនមុខជ្រប់ក្រាបចុះជិតជើងឪពុក ។ ចំណែកខាងគ្រូពេទ្យ
ក៏ងាកមុខបែរទៅខាងបង្អួច ស្ទើរតែទ្រាំទប់ទឹកភ្នែកពុំបានដែរ ។
តាចឺមនិយាយផ្ដាំទាំងហត់ថា ៖ នែចិត្រ កូនសំឡាញ់ឪពុក !
កាលបើឪពុកស្លាប់ទៅហើយ ចូរបាចាំបណ្ដាំឪពុកទុកចុះថា ‹
ធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះ ដែលមនុស្សលោកសំគាល់ថា ជាការរុងរឿងថ្លៃថ្លានោះ
គឺការតាំងខ្លួនឲ្យបានស្ដុកស្ដម្ភដោយទ្រព្យសម្បត្តិ
ឯការដែលរស់នៅតោកយ៉ាកនោះ អ្នកផងទាំងពួងគេមិនយកភ្នែកមើលទេ
ការរស់បែបនេះមិនមែននាំឲ្យបានសុខសប្បាយទេ› ប៉ុន្តែពេលនេះកូនអើយ !
ឪពុកនឹងប្រាប់អ្នកឲ្យធ្វើដូចម្ដេច ទើបបានសេចក្ដីចំរើននោះពុំបានទេ
សុំឲ្យគ្រាន់តែរលឹកដល់ពុទ្ធភាសិតមួយបទថា ៖ ‹អត្តា ហិ អត្តនោ នាថោ ›
ខ្លួនត្រូវទីពឹងរបស់ខ្លួន ប៉ុណ្ណេះឲ្យរឿយៗចុះ › ។
ឯគ្រូពេទ្យនិយាយជ្រែកក្នុងខណៈនោះថា ‹ តាកុំអាលអស់សង្ឃឹមរហ័សពេក
រោគរបស់តាដែលធ្ងន់ដូច្នេះក៏មិនទាន់ជាអ្វីទេ នៅមានសង្ឃឹមនឹងសះជាឡើងវិញបាន › ។
តាចឺមផ្គើនឲ្យគ្រូពេទ្យថា ‹ សះជាឬ ? លោកគ្រូ
គ្មានផ្លូវសះជាឡើងវិញជាប្រាកដ មានតែផ្លូវស្លាប់មួយមុខក្នុងព្រឹកស្អែក
ឬយប់នេះ ឬ ឥឡូវនេះ ក្នុងពេលណាមួយជាមិនខាន › ។ តាចឺមឈប់និយាយមួយស្របក់
ហើយចាប់និយាយតទៅទៀតថា ៖ នែ ! ចិត្រកូនសំឡាញ់ឪពុក ឪពុកទីទ័លក្រណាស់
គ្មានកេរ្តិ៍មត៌កបន្តិចបន្តួចបម្រុងទុកឲ្យកូនឡើយ ដល់ឪពុកស្លាប់ទៅមានតែសព
និង ពាក្យបណ្ដាំប៉ុណ្ណេះទុកឲ្យកូន ឯវិញ្ញាណក្ខន្ធរបស់ឪពុក
ដែលនឹងបានទទួលសេចក្ដីសុខក្សេមក្សាន្តក្នុងលោកខាងមុខនោះ
លុះតែកូនប្រតិបត្តិតាមបណ្ដាំរបស់ឪពុកទាំងប៉ុន្មានម៉ាត់នេះ
ដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតា ។ មួយទៀត
វិជ្ជាដែលឪពុកទុកដាក់ឲ្យកូនខំរៀនសូត្រ
ដរាបទាល់តែប្រឡងជាប់សញ្ញាប័ត្រនោះទុកជាមត៌កមានតម្លៃមួយ ។ ឱ !
តាំងពីថ្ងៃនេះទៅហើយ ឪពុកអស់បានជួយទំនុកបម្រុងកូនតទៅទៀតហើយ ។
ចៅចិត្រ កាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សព្វគ្រប់ហើយ
ក៏ស្រក់ទឹកភ្នែកច្រោកៗ ដោយមានចិត្តអាល័យនឹងអាណិតឪពុកជាទីបំផុត
ឱនក្បាលទៀបជើងឪពុក ហើយខំនិយាយទាំងខ្សឹកខ្សួលជំរាបឪពុកថា ៖ លោកឪពុក !
បណ្ដាំគ្រប់ៗម៉ាត់ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្ត
ខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការ សូម
លោកឪពុកកុំបីព្រួយបារម្ភឡើយ ខ្ញុំបាទមានជីវិតរស់នៅដរាបណា នឹងខំតាំងខ្លួនប្រាណតម្កល់តម្កើងវង្សត្រកូលឲ្យបានចំរើនដរាបនោះ ។
តអំពីពេលនោះ តាចឺមមានអាការដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើង
មានអាការក្រវល់ក្រវាយទំនងស្លឈាម ហើយទន់ពាប់ទៅរាល់ៗគ្រាមរណសង្គ្រាម
កំពុងទន្ទ្រានចូលមកជិតអ្នកជម្ងឺគ្រប់ៗដង្ហើម
ទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យ
ដែលមានមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សាវៗជាទំនងសេចក្ដីថា ‹
ទានប្រោសលោកគ្រូ ! ខ្ញុំបាទនឹងដាច់ខ្យល់ស្លាប់ក្នុងពីរ – បីនាទីនេះហើយ
សូមអរព្រះគុណនឹងសូមជូនបុណ្យលោកគ្រូដែលមានព្រះគុណលើខ្លួនខ្ញុំបាទជាអនេក
ដោយបានខំថែទាំរក្សាទាំងបង់ខាតថ្លៃថ្នាំជាច្រើនផង
ហើយមិនមានគិតថ្លៃរក្សានិងថ្លៃថ្នាំបន្តិចឡើយ
ខ្ញុំបាទឥតមានអ្វីតបស្នងសងគុណលោកគ្រូទេ ឱ ! ព្រះគុណអើយ
ត្រចៀកខ្ញុំបាទលេងឮហើយ ឱ ! ចិត្រកូន ! ពុទ្ធោ អរហំ ! ›។
ចៅចិត្រឱបឪពុកជាប់
ហាក់ដូចជាមិនព្រមឲ្យវិញ្ញាណក្ខន្ធរបស់តាចឺមរត់ចេញពីរាងកាយទៅបាន
តែបើទុកជាចៅចិត្រខំប្រឹងទប់ទល់យ៉ាងណា ក៏គង់តែមិនសម្រេចដូចបំណង ព្រោះ ជាតិ
ជរា ព្យាធិ មរណៈ (កើត ចាស់ ឈឺ ស្លាប់ ) ជាមត៌ករបស់សត្វលោក
ឥតមានសត្វណាមួយគេចវេះចៀសវាងឲ្យរួចផុតទៅបានឡើយ
អម្បាលដូចយ៉ាងព្រះអរហំសម្មាសម្ពុទ្ធម៉េចក៏គង់តែស្ដេចចូលបរិនិព្វានមិនខាន ។
នៅទីបំផុតនេះ តាចឺមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារមច្ចុរាជ
គឺដាច់ខ្យល់ផុតដង្ហើមក្នុងកណ្ដាប់ដៃរបស់ចៅចិត្រជាកូន តាចឺមក៏ទទួលមរណភាព
ក្នុងខណៈដែលដួងចន្ទ្រអស្ដង្គតបាត់ពន្លឺរស្មី ព្រមជាមួយគ្នាក្នុងគ្រានោះឯង ។
1 comments:
Write commentsThanks for the summary.
Reply